ព្រឹតិ្តការណ៍ថ្មីៗ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច​តេជោ(TYDA) បានចុះអប់រំសុខភាព​ ពិនិត្យ​ព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនកម្មករ​ កម្មការនី​ និងប្រជាពលរដ្ឋ​ ក្នុងសង្កាត់មានជ័យ៣​

7 ខែ មុន 113 តូ សុផល

ភ្នំពេល៖ ព្រឹកថ្ងៃទី២៩ ខែមេសា​ ឆ្នាំ២០១៨​ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច​តេជោ

បានចុះអប់រំសុខភាព​ ពិនិត្យ​ព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនកម្មករ​ កម្មការនី​ និងប្រជាពលរដ្ឋ​ ក្នុងសង្កាត់មានជ័យ៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

សកម្មភាពមនុស្សធម៌នេះមានការចូលរួពីសំណាក់គ្រូពេទ្យ​ និងនិស្សិតពេទ្យ​ជាសមាជិក​នៃសមាគម​ អាជ្ញាធរខណ្ឌមានជ័យ​ តំណាងបេឡាជាតិរបបសន្តិសុខសង្គម(បសស)​ សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក)​ កម្មករកម្មការនីនិងប្រជាពលរដ្ឋប្រមាណជាង៥០០នាក់។

លោកវេជ្ជបណ្ឌិត សុឹម​ ស៊ូយ៉េង តំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានអោយដឹងថា​សកម្មភាពមនុស្សធម៌នេះ​ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​លើផ្នែកសុខាភិបាល​ តាមរយៈការពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃ​ និងមិនមានការរើសអើង។

លោកបានបន្តថា​ សមាគបានចុះអនុស្សារណៈជាមួយមន្ទីពេទ្យរដ្ឋ​ និងឯកជន​ អង្គការនានាមួយចំនួនដើម្បីពង្រីកវិសាលភាពប្រសិទ្ធភាពក្នុងការព្យាបាលជូនប្រជាពលរដ្ឋទូទៅ។

លោកបន្តថា​ គោលបំណងសំខាន់ចំនួនបីរបស់សមាគមគឺផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ គែប្រមូលកម្លាំងស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពមនុស្សធម៌ និងបណ្តុះបណ្តាលធនធានមនុស្សផ្តល់ជំនាញដល់និស្សិតពេទ្យអោយមានជំនាញបន្ថែម។

លោកបានបញ្ជាក់ថាបេសកកម្មថ្ងៃនេះ បានបែងចែកជាពីរក្រុម មួយក្រុមពិនិត្យព្យាបាលកម្មករកម្មការនី និងប្រជាពលរដ្ឋនៅនឹងកន្លែង និងមួយក្រុមទៀតចុះអប់រំសុខភាពប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបន្ទប់ជួល។ ក្រុមការងារ និងធ្វើការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្ងៃរយៈពេលមួយព្រឹក ដែលមានគ្រូពេទ្យជំនាញៗនៅចាំផ្តល់ការពិនិត្យយ៉ាងយកចិត្តទុកដាក់។

សូមបញ្ជាក់ថា​ នេះជាលើកទី៦ ក្នុងខណ្ឌមានជ័យ​ ដែលសមាគមបានដឹកនាំក្រុមគ្រូពេទ្យចុះមកព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនិងបងប្អូនកម្មករកម្មការនីនៅទីនេះ។
សម្រាប់លើកនេះសមាគមបានពិនិត្យព្យាបាលជំងឺឥតគិតថ្លៃចំនួន៥១៥នាក់ និងចុះអប់រំសុខភាពជូនកម្មករកម្មការនីតាមខ្នងផ្ទះនិងបន្ទប់ជូលបានចំនួន១៥០គ្រួសារផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!