ព្រឹតិ្តការណ៍ថ្មីៗ

ចុះឆែកឆេរក្លឹប «Men-បុរស» បន្ទាប់ពីឃាត់ខ្លួនបានបុគ្គលិក របស់ក្លឹបម្នាក់ដែលបានយកដបថ្នាំម្យ៉ាង មកលាយទឹកឲ្យក្មេងៗ ទាំងនោះផឹក

3 សប្តាហ៍ មុន 369 តូ សុផល

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ ចំពោះករណីក្មេង៣នាក់ ដែលពុលភេសជ្ជៈនៅក្រុងព្រះសីហនុ កម្លាំងនគរបាល បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងឈានដល់ការចុះឆែកឆេរក្លឹប «Men-បុរស» បន្ទាប់ពីឃាត់ខ្លួនបានបុគ្គលិក របស់ក្លឹបម្នាក់ដែលបានយកដបថ្នាំម្យ៉ាង មកលាយទឹកឲ្យក្មេងៗ ទាំងនោះផឹក។

នៅម៉ោងប្រមាណ១១យប់មិញនេះ បន្ទាប់ពីមានការសម្រប សម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងនគរបាល បានធ្វើប្រតិបត្តិការឆ្មក់ចូលក្លឹប Men ក្នុងប្រតិបត្តិការនោះ ដោយបានធ្វើតេស្តទឹកនោមបុគ្គលិកទាំងអស់ ប៉ុន្តែពួកគេមិនមានជាប់ពាក់ព័ន្ធ សារធាតុញៀននោះទេ។

ដោយឡែកសម្រាប់ការធ្វើតេស្តទឹកនោម ចំពោះយុវជនដែលយកថ្នាំលាយឲ្យក្មេងផឹក និងក្មេង៣នាក់ ដែលបានផឹកទឹកថ្នាំនោះ គឺរកឃើញថា ពួកគេបានផឹកទឹកមានលាយសារធាតុ «BAMA» ដែលជាប្រភេទថ្នាំសប្បាយ។​

បន្ទាប់ពីទទួលបានព័ត៌មានថា មានក្មេងប្រុសចំនួន៣នាក់ បានស្រែកឡូឡារង្វេងស្មារតី បន្ទាប់ពី​ត្រូវបានបុរសម្នាក់ឲ្យ ទឹកក្រូចផឹក ហើយកំពុងសំរាកនៅមន្ទីរពេទ្យបង្អែកខេត្ត។ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការសាកសួរជនសង្ស័យ (អ្នកដែលឲ្យទឹកក្រូចក្មេងផឹក)​​ ឈ្មោះ វ៉ាន់ វុត្ថា ភេទប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​​ មុខរបរធ្វើការនៅក្លឹប​មួយ​ ក្នុងក្រុង-ខេត្តព្រះសីហនុ បានសារភាពថា នៅយប់ថ្ងៃទី២៦​ ឈាងចូលថ្ងៃទី២៧ ខែមេសា វេលាម៉ោងប្រហែលជា១២ជាងរំលងអាធ្រាត្រ រូបគេបានយកសំរាមទៅបោះចោលនៅក្រៅក្លឹប នៅពេលគេត្រឡប់មកពីបោះសំរាមចោល ក៏ប្រទះឃើញដបពណ៌មាសមួយដប ដំបូងគេស្មានតែគ្រាប់កាំភ្លើង ពេលនោះរូបគេក៏បានរើសយកមកទើបដឹងថា មិនមែនជាគ្រាប់កាំភ្លើងទេ រូបគេក៏បានក្រឡុកមើល និងចាក់មើលឃើញមានទឹកពណ៌ស្វាយ ហើយដបវាពណ៌មាស ហើយរូបគេក៏មានការសង្ស័យថា ជាថ្នាំគ្រវី ភ្លាមនោះក៏ចាក់ចូលក្នុងដបទឹកសុទ្ធ សំរាប់ទុកសាកខ្លួនឯង លុះដល់ម៉ោង០៥៖០០នាទីទៀបភ្លឺ រូបគេក៏ជិះម៉ូតូមកផ្ទះ និងយកដបទឹកនោះមកជាមួយ ពេលមកដល់ផ្ទះរូបគេដេកបានប្រហែលជា៤ម៉ោងក៏ក្រោកឡើងទៅរកអីញាំ ទិញបារីជក់ និងទិញទឹកភេសជ្ជៈម៉ាកមួយកំប៉ុង ពេលនោះរូបគេក៏លាយទឹក ពណ៌ស្វាយ ដែលគេរើសបាននោះចូលទៅក្នុងទឹកភេសជ្ជៈរួចផឹកបានបន្តិច ក៏មានក្មេងៗ ប្រហែលជា៣នាក់ ដើរ​មកជិតរូបគេ នឹងបានសុំទឹកក្រូចនោះផឹក ហើយរូបគេក៏បានឲ្យពួកក្មេងៗនោះផឹក។

រហូតមកដល់ពេលនេះ ក្មេងប្រុសរងគ្រោះទាំង៣នាក់ បានធូរស្បើយវិញហើយ ត្រូវបានឪពុកម្តាយយកទៅលំនៅដានរៀងៗខ្លួនវិញ។ ក្មេងទាំង៣នោះមាន ឈ្មោះ​ ឆន​ ឆវិន​ ភេទប្រុស​ អាយុ​១០ឆ្នាំ, ទី២៖ឈ្មោះ​ សូ​ រតនា​ ភេទប្រុស​ អាយុ​៨ឆ្នាំ និងទី៣៖ឈ្មោះ​ សូ​ រិទ្ធី​ ភេទ​ប្រុស​ អាយុ​​៧ឆ្នាំ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ