ព្រឹតិ្តការណ៍ថ្មីៗ

បិតអាជីវកម្មសិប្បកម្ម ផលិតទឹកម្ទេស ទឹកសៀង ដែលបង្កការប៉ះពាល់ សុខភាព ប្រជាពលរដ្ឋ

2 ខែ មុន 76 តូ សុផល

ភ្នំពេញ៖ ដោយទទួលបាន សំណូមពរពីបងប្អូន ប្រជាពលរដ្ឋ និង មានការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ

លោក ឌី រត្ន័ខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកំលាំងមន្រ្តីជំនាញ អង្គភាពមន្ទីរ ពាក់ពន្ធ័ ចុះបិតទីតាំងសិប្បកម្ម ផលិតទឹកម្ទេស ទឹកសៀង ដែលបង្កការប៉ះពាល់ សុខភាព ដល់ប្រជាពលរដ្ឋក្នុងក្រុមទី៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

សូមបញ្ជាក់ថា ទីតាំងផលិតទឹកម្ទេស ទឹកសៀង ប្រេងខ្យង ដែលកន្លងមកគណៈកម្មការចម្រុះ រួមទាំងមន្រ្តីជំនាញ បានចុះត្រួតពិនិត្យ លើផលប៉ះពាល់ តាំងពីថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៧ ម្តងរួចមកហើយ ដោយទុក រយះពេល ៦០ថ្ងៃ ក្នុងការរុះរើ និង ប្តូទីតាំងថ្មី ក្រោយមន្រ្តីជំនាញ និង បច្ចេកទេស បានរកឃើញផលប៉ះពាល់ មាន៦ចំនុច ដូចជា៖
១. ចំហាយទឹកម្ទេសចេញពីឡតិ៍ចំហុយបង្កជាក្លិន ឈួលខ្លាំង ស្ទើរទ្រាំពុំបានដល់អ្នករស់នៅជិតខាងរហូតកន្លងមកធ្លាប់មាន អ្នកឈឺជាបន្តបន្ទាប់ព្រោះតែសុខភាពខ្សោយមិនអាចទ្រាំទ្រក្លិនឈួលនេះបាន ។
២. អំរែងភ្លើងហ៊ុយចេញ ពីឡតិ៍ចំហុយ ហុយចូលផ្ទះបងប្អូន ប្រជាពលរដ្ឋ ។
៣. សម្លេងរ៊ឺម៉កម៉ូតូដឹកអីវ៉ាន់ ពុំមានស៊ីមាំង ត្រឹមត្រូវ ។
៤. កម្មករដាក់ឥវ៉ាន់ពេលយប់ មានសំលេងរំខាន ស្រែក ឡូឡាដល់អ្នកជិតខាង ។
៥. មិនមានស្តង់ដាផលិតតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ។
៦. យានយន្តចតដឹកផលិតផល ចតលើផ្លូវបង្កការស្ទះចរាចរ ។

ដោយក្រុមការងារ និង មន្រ្តីជំនាញ បានទទួលការ ដឹកនាំផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ តម្រូវអោយបិតអាជីវកម្ម ផលិតទឹកម្ទេស ទឹកសៀង មិនអោយប្រកបអាជីវកម្មទៅពេលខាងមុខ ទៀតត្រឹមថ្ងៃ សុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ជាស្ថាពរតែម្តង ។

ម្ចាស់អាជីវកម្ម ឈ្មោះ សេង រដ្ឋា បានឯកភាពបិត និងរុះរើ មិនអោយហួសពីថ្ងៃសុក្រ តាមការស្នើសុំរបស់អាជ្ញាធរខណ្ឌ និង មន្រ្តីជំនាញ របស់មន្ទីរពាក់ពន្ធ័ឡើយ ។ ទើបនៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ មានការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នោះ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងមន្រ្តីជំនាញ អង្គភាពមន្ទីរ ពាក់ពន្ធ័ ចុះបិតទីតាំងសិប្បកម្ម ផលិតទឹកម្ទេស ទឹកសៀង ដែលបង្កការប៉ះពាល់ សុខភាព ដល់ប្រជាពលរដ្ឋនោះ ដោយធ្វើការដកហូតវត្ថុតាងមួយចំនួនធំ យកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ