ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរមនុស្ស ក្រោមរូបភាពយកប្តីចិន ជាថ្មីទៀតហើយ!

3 ខែ មុន 768 តូ សុផល

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ

បានបញ្ជូនបុរសជនជាតិចិន០៣នាក់ និងនារីខ្មែរ០១នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែនទៅប្រទេសចិន ក្រោមរូបភាពសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និង រំដោះនារីរងគ្រោះបាន០២នាក់។ ហើយរូបភាពជួញដូរបែបនេះអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្លាប់បានបង្ក្រាបដូចគ្នា កាលពីចុងឆ្នាំ២០១៧ និង ដើមឆ្នាំ ២០១៨ និងធ្លាប់បានសង្គ្រោះនារីរងគ្រោះ០២នាក់ ឃាត់ខ្លួនមេខ្យល់០២នាក់ផងដែរ ដែលកាលនោះក្នុងចំណោមនារីរងគ្រោះទាំង០២នាក់ មានម្នាក់ជាអនិតិជន(អាយុក្រោម១៨ឆ្នាំ) ត្រូវបានមេខ្យល់នាំឆ្លងដែនទៅចិនតាមប្រទេសវៀតណាម និងត្រូវបានមេខ្យល់វៀតណាមរំលោភតាមផ្លូវរួចហើយ ទើបប្រគល់ឱ្យមេខ្យល់ចិន លក់បន្តទៅបុរសចិន០៣នាក់ទៀតដើម្បីបម្រើផ្លូវភេទជាបន្តបន្ទាប់ រហូតដល់អាវុធហត្ថរាជធានីភ្នំពេញរំដោះបានត្រលប់មកស្រុក កំណើតវិញក្នុងខែកុម្ភៈឆ្នាំ២០១៨។

ដោយឡែកចំពោះករណីជួញដូរមនុស្សឆ្លងដែនថ្មីនេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាបបានតាមរយៈ ការសហការណ៍ផ្តល់ព័ត៌មានពីអង្គការមេត្រីភាព អន្តរជាតិ ហៅកាត់ថា AIM SWAT នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ដោយអង្គការ AIM SWAT បានរាយការណ៍មកសមត្ថកិច្ចអាវុធហត្ថថា បានឃើញសកម្មភាពមនុស្សមួយក្រុម មានគ្នា០៧នាក់ មានស្រ្តី០៣នាក់ ជាជនជាតិខ្មែរ និងបុរស ០៣នាក់ជាជនជាតិចិន និងប្រុសម្នាក់ទៀតប្រហែលជនជាតិខ្មែរ បានកំពុងពិភាក្សាគ្នា រៀបចំឯកសារ ចេញទៅប្រទេសចិន ក្រោមរូបភាពរៀបអាពិហ៍ពិពាហ៍ នៅចំណុចហាងកាហ្វេឈ្មោះ ប៉ូណា ផ្លូវលេខ៥៣BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយខាងអង្គការAIM SWAT មានការសង្ស័យថាជាអំពើជួញដូរមនុស្ស ទើបស្នើសុំជំនួយមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួយអន្តរាគមន៍រំដោះជនរងគ្រោះ។

ក្រោយពេលទទួលបានរបាយការណ៍របស់អង្គការ AIM SWAT លោកវរសេនីយ៍ត្រី សេន កូម៉ុន នាយការិយាល័យបទល្មើសជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រកឃើញមនុស្ស០៦នាក់ នៅក្នុងផ្ទះសំណាក់ម្កុដមាស ក្បែរផ្សារទំនើបស្ទឹងមានជ័យ។

តាមរយៈវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា៖ ឈ្មោះ JI JIAXIN ជនជាតិចិន និងប្រពន្ធឈ្មោះ តែម អឿន ជនជាតិខ្មែរ គឺជាមេខ្យល់ កន្លងមកអ្នកទាំងពីរធ្លាប់បាននាំនារីខ្មែរឱ្យទៅរៀបការយកប្តីចិន បានចំនួន០៣នាក់មកហើយ១.ឈ្មោះ ស្រីថន អាយុ ២២ឆ្នាំ, ២.ឈ្មោះ យ៉ុន ចាន់នី អាយុ២០ឆ្នាំ និង៣.ឈ្មោះ អារឹម អាយុ២១ឆ្នាំ តែបច្ចុប្បន្នពុំមានដំណឹងពីពួកនាងទេ (សមត្ថកិច្ចកំពុងស្រាវជ្រាវរកដំណឹងពួកនាងទាំង០៣នាក់)។ ហើយករណីថ្មីនេះពួកគេទាំងពីរនាក់ប្តីប្រពន្ធ បានណែនាំឱ្យនារីរងគ្រោះពីរនាក់ផ្សេងទៀត ឈ្មោះ គ.ព អាយុ២៤ឆ្នាំ កំព្រាឪពុក រស់នៅខេត្តតាកែវ និង ជនរងគ្រោះឈ្មោះ ថ.រ អាយុ២៧ឆ្នាំ កំព្រាទាំងឪពុកនិងម្តាយ រស់នៅខេត្តតាកែវ ឱ្យរៀបការយកប្តីចិន ដោយសន្យាថាបានទទួលថ្លៃទឹកដោះ ម្នាក់៤,០០០ដុល្លារ។ ក្រោយមកមេខ្យល់០២នាក់ប្តីប្រពន្ធ បាននាំបុរសជនជាតិចិន០២នាក់ឈ្មោះ ZHANG LIANG អាយុ២៧ឆ្នាំ និងឈ្មោះ YAN FAN អាយុ២៨ឆ្នាំ ឲ្យមកជួបជាមួយក្រុមគ្រួសារជនរងគ្រោះ និងបានធ្វើពិធីភ្ជាប់ពាក្យរវាង ឈ្មោះ ZHANG LIANG ជាមួយនារីរងគ្រោះឈ្មោះ គ.ព រួចរាល់ក្នុងថ្ងៃទី២២.០៤.២០១៨ បន្ទាប់មកនៅថ្ងៃទី២៣.០៤.២០១៨ មេខ្យល់ពីរនាក់ប្តីប្រពន្ធ និងបុរសជនជាតិចិន០២នាក់ទៀតរួមជាមួយជនរងគ្រោះទាំង០២នាក់ បាននាំគ្នាឡើងមកភ្នំពេញដើម្បីធ្វើឯកសារឆ្លងដែនទៅប្រទេសចិន ក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍។ លុះដល់យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ មនុស្សទាំង០៦នាក់ខាងលើនេះ បាននាំគ្នាចូលសម្រាកនៅផ្ទះសំណាក់ម្កុដមាស ដោយបំបែកបន្ទប់គ្នា មួយបន្ទប់មួយគូរៗ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរកឃើញ និងធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនមេខ្យល់និងជនជាប់ពាក់ព័ន្ធសរុប០៤នាក់ទៅតុលាការដើម្បីផ្តន្ទាទោស រីឯនារីរងគ្រោះ០២នាក់ ត្រូវបានមន្ទីរសង្គមកិច្ចនិងអង្គការAIM SWAT ប្រឹក្សាផ្តល់សេវាការងារមានប្រាក់បៀវត្សសមរម្យឲ្យ ពួកនាងនិងក្រុមគ្រួសា បានស្ម័គ្រចិត្តទទួលសេវាការងារតាមការប្រឹក្សានិងសម្តែងការសប្បាយចិត្តត្រេកអរជាអនេក។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ