ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសណ្ឋាគារ The Royal Sands Koh Rong និងបញ្ចប់ដំណោះស្រាយបញ្ហាដីធ្លីនៅកោះរ៉ុង ខេត្តព្រះសីហនុ

3 ខែ មុន 48 តូ សុផល

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់សណ្ឋាគារលំដាប់ផ្កាយ ៥ « The Royal Sands Koh Rong » ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង និងបញ្ចប់នូវបញ្ហាដីធ្លីទាំងស្រុងនៅកោះរ៉ុង ខេត្តព្រះសីហនុ។

សណ្ឋាគារដ៏ទំនើបនេះគឺបានចំណាយទឹកប្រាក់សាងសង់អស់ប្រមាណជា៤០លានដុល្លារក្នុងដំណាក់កាលទី១ដែលមាន​លក្ខណៈជាវីឡាចំនួន៦៧ខ្នង(១៤៨បន្ទប់) ដែលបានបង្ហាញពីសក្ដានុពលទេសចរណ៍របស់ប្រទេសកម្ពុជា និងការរីកចម្រើន​នៃសេវាកម្មទេសចរណ៍លំដាប់អន្តរជាតិនៅលើទឹកដីប៉ែកនិរតី នៃតំបន់សមុទ្រនេះ ។

សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយ ដែលបានអញ្ជើញមកកាន់កោះរ៉ុងជាលើកទី១នេះ និងមោទនភាពចំពោះការវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ដើម្បីបំពេញសេចក្តីត្រូវការ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ដល់ក្រសួងជំនាញពាក់ព័ន្ឋទាំងអស់ គឺមិនអោយក្រុមហ៊ុនវិនិយោគសាងសង់ខ្ពស់ជាង៣ជាន់ឡើយនៅតាមឆ្នេរកោះបែបនេះ។ សម្តេចតេជោ សង្ឃឹមថានឹងមានកោះជាច្រើនទៀតដែលមានការវិនិយោគកើតឡើងជាបន្តបន្ទាប់ដូចកោះរ៉ុងនេះ។

នៅថ្ងៃនេះដែរ​ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍​បញ្ជាក់ជាចុងក្រោយថា កោះរ៉ុង និងកោះដទៃទៀតនៅក្នុងប្រទេសកម្ពុជា គឺជាកោះរបស់រដ្ឋ មិនមែនជារបស់ឯកជន​នោះទេ​រួមទាំងកោះរ៉ុងនេះក៏មិនមែនជារបស់​ ឧកញ៉ា​ គិត​ ម៉េង ដែរ។ ប៉ុន្តែរាជរដ្ឋាភិបាលបានប្រគល់សិទ្ឋិជូនក្រុមហ៊ុន​ Royal Group ដើម្បីអភិវឌ្ឍន៍ក្នុងរយះពេលសមស្របមួយដែលបានកំណត់​ដោយអាជ្ញាប័ណ្ណវិនិយោគ។

កន្លងមកគឺមានក្រុមហ៊ុនមួយចំនួនបានទទួលអាជ្ញាប័ណ្ណនិងសិទ្ឋិវិនិយោគលើ​កោះ ប៉ុន្តែពួកគេមិនបានធ្វើអ្វីទាំងអស់ គឺសម្តេចតេជោបានបញ្ជាទៅអោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសើរើពិនិត្យ នឹងដកហូតយកមកវិញទាំងអស់។ ទន្ទឹមនឹងនោះ​ គឺមានក្រុមហ៊ុនមួយចំនួនក៏បានយកទៅលក់អោយក្រុមហ៊ុនដទៃដែលខុសនឹងច្បាប់រដ្ឋ។ ដូច្នេះត្រូវដកយកមកវិញទាំងអស់។​ សម្តេចតេជោបានបញ្ជាក់ថា​ កោះទន្សាយ​ គឺត្រូវដកយកមកមុនគេ។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍បញ្ជាក់សង្កត់ធ្ងន់ៗទៅកាន់អ្នកមានអំណាច និងអ្នកមានទ្រព្យមួយចំនួនដែលកន្លងមកតែងតែមកកាងកាន់កាប់ និងទន្ទ្រានយកដីរដ្ឋមួយចំនួននៅតំបន់កោះរ៉ុងនេះ គឺត្រូវតែដកខ្លួនចេញជាបន្ទាន់។ ពួកអ្នកមកទន្រ្ទាន គឺភាគច្រើនមិនមែនរស់នៅកោះរ៉ុងនោះទេ គឺមួយចំនួនរស់នៅក្រុងភ្នំពេញ ឬកន្លែងផ្សេងៗ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានបញ្ជាក់ប្រាប់អោយលោកអភិបាល​ខេត្តព្រះសីហនុ​ ពិនិត្យនិងបញ្ឈប់សកម្មភាពកាប់ឈើទន្ទ្រានយកដី ឬយកឈើលក់ខុសច្បាប់ គឺត្រូវតែឈប់ជាបន្ទាន់។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់និងបញ្ជាអោយក្រសួងរៀបចំដែនដីពិនិត្យដោះស្រាយក្បាលដីចំនួន៥៨៤ក្បាលដី ជូនប្រជាពលរដ្ឋអោយបានត្រឹមត្រូវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សំនូមពរអោយប្រជាពលរដ្ឋទាំងអស់ដែលរស់នៅកោះរ៉ុងនេះត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍នានា ដើម្បីថែរក្សា និងអភិវឌ្ឍន៍កោះរ៉ុងនេះអោយកាន់តែមានភាពស្រស់បំព្រងបន្ថែមទៀត។ ផ្ទៃដីដែលប្រគល់ជូនគឺពលរដ្ឋអាចអាស្រ័យផល និង​រស់នៅបាន ប៉ុន្តែពុំមានសិទ្ឋិចាត់ចែងឡើយ។

នៅក្នុងដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកកាន់ទឹកដីកោះរ៉ុងថ្ងៃនេះគឺបានបិទបញ្ចប់ជម្លោះដីធ្លីនៅទីនេះទាំងស្រុង និងបានបញ្ចប់សកម្មភាពកាប់ឈើល្មើសច្បាប់ទាំងស្រុង ព្រមទាំងសម្រេចដកយកកោះដែលជាសម្បត្តិរបស់រដ្ឋទាំងអស់ត្រឡប់មកវិញពីក្រុមហ៊ុននានាដែលបានទទួលអាជ្ញាប័ណ្ណវិនិយោគហើយប៉ុន្តែពួកគេមិនបានធ្វើអ្វីទាល់តែសោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថា នឹងគ្មានការទូទាត់សងនូវប្រាក់កក់វិញ និងសំណងនៃការខូចខាតអ្វីឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន អ្នកឧកញ៉ា គិត ម៉េង ដែលបានសហការជាមួយដៃគូបរទេសចូលរួមអភិវឌ្ឍន៍កោះរ៉ុងអោយមានសោភ័ណភាព និងទាក់ទាញទេសចរកាន់តែច្រើនឡើង។ សម្តេចតេជោ ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋនៅទីនេះ សូមជួបប្រទះតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ បន្ទាប់មកសម្តេចតេជោនាយកដ្ឋន្ត្រីបានអញ្ជើញកាត់ខ្សែបូរ​សម្ពោធសណ្ឋាគារ The Royal Sands Koh Rong » នៅខេត្តព្រះសីហនុ អោយដំណើរការជាផ្លូវការចាប់ពីពេលនេះតទៅ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ