ព្រឹតិ្តការណ៍ថ្មីៗ

ក្រសួងមហាផ្ទៃ​ ចេញ​លិខិត​ចំហ​រថា​ វិទ្យុ​អាស៊ី​សេរី​មាន​ចរិត​ល្ងង់ខ្លៅ​ យល់​ច្រឡំ​ថា​ «​គេ​ហុច​ដំបង​ ខ្លួន​យល់​ថា​គេ​សំឡុត​»​ និង​ «​គេ​ឱ្យ​លាមក​ យល់​ថា​ជា​ផ្កា​»

5 ខែ មុន 90 តូ សុផល

​ភ្នំពេញ​ ៖​ នាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០១៨​នេះ​ បាន​ចេញ​លិខិត​ចំហរ​មួយ​ថា​ អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ ពិតជា​មាន​ចរិត​ល្ងង់ខ្លៅ​ ដែល​តែងតែ​យល់​ច្រឡំ​អត្ថន័យ​ថា​ «​គេ​ហុច​ដំបង​ ខ្លួន​យល់​ថា​គេ​សំឡុត​»​ និង​ «​គេ​ឱ្យ​លាមក​ យល់​ថា​ជា​ផ្កា​»​។​

​ការ​ចេញ​លិខិត​ចំហរ​ទំនងជា​ប្រដៅ​វិទ្យុ​អាស៊ី​សេរី​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​វិទ្យុ​បរទេស​ បាន​ដកស្រង់​សម្តី​លោក​ ទៅ​ផ្សព្វផ្សាយ​បំភ្លៃ​ កាលពី​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៨​ ដោយ​ដាក់​ចំណងជើង​ថា​ «​មន្ត្រី​ក្រសួងមហាផ្ទៃ​ថា​ ការ​តាម​ចាប់ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ពី​ក្រៅប្រទេស​នាំ​ឲ្យ​បែកបាក់​ជាតិ​»​។​

​នាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា​ ក្នុង​កិច្ច​សម្ភាសន៍​ នា​ថ្មីៗ​នេះ​ លោក​បាន​ប្រដៅ​វិទ្យុ​អាស៊ី​សេរី​ ឱ្យ​មាន​មនសិការ​ស្នេហា​ជាតិ​ ហើយ​កុំ​គិតតែ​ធ្វើ​សកម្មភាព​បម្រើ​បរទេស​ និង​ធ្វើ​នយោបាយ​ឱ្យ​បរទេស​ ប៉ុន្តែ​សម្តី​នេះ​ ត្រូវ​បាន​អ្នក​សារព័ត៌មាន​ វិទ្យុ​អាស៊ី​សេរី​ យក​ទៅ​កាឡៃ​ទៅ​ជា​រឿង​ផ្សេង​ទៅ​វិញ​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​ប្រកាស​ទាត់​ចោល​ទាំងស្រុង​នូវ​អត្ថបទ​ចុះ​ផ្សាយ​ និង​ការ​ធ្វើ​អត្ថាធិប្បាយ​បំផ្លើស​ ក្នុង​ចេតនា​ញុះញង់​របស់​វិទ្យុ​អាស៊ី​សេរី​មួយ​នេះ​។​ ជាមួយ​គ្នា​នេះ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​បកស្រាយ​ប្រាប់​ជូន​វិទ្យុ​អាស៊ី​សេរី​ និង​សាធារណ​មតិ​ជាតិ​ និង​អន្តរជាតិ​ដូច​តទៅ​៖

១៖​ ការ​ចុះ​ផ្សាយ​ និង​ការ​ធ្វើ​បទ​អត្ថាធិប្បាយ​របស់​វិទ្យុ​អាស៊ី​សេរី​ គឺជា​វិជ្ជាជីវៈ​កាត់ត​យ៉ាង​ថោកទាប​ជាទី​បំផុត​ ដែល​មាន​បំណង​ធ្វើ​ឱ្យ​ខូច​កិត្តិយស​ និង​ធ្វើ​ឱ្យ​សាធារណ​មតិ​ មានការ​ភាន់ច្រឡំ​។​

២៖​ អ្វី​ដែល​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​លើក​ឡើង​ គឺ​ដើម្បី​ប្រៀនប្រដៅ​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ ឱ្យ​មាន​មនសិការ​ស្នេហា​ជាតិ​ និង​កុំ​ចេះ​តែ​ធ្វើ​ការងារ​បម្រើ​បរទេស​ ហើយ​បំផ្លាញ​ជាតិ​សាសន៍​ខ្លួនឯង​។​

៣៖​ ការ​ផ្សព្វផ្សាយ​ជា​ច្រើន​លើក​ច្រំ​ដែលៗ​របស់​វិទ្យុ​អាស៊ី​សេរី​ កាន់តែ​បង្ហាញ​ឱ្យ​ឃើញ​រឹតតែ​ច្បាស់​ថា​ វិទ្យុ​អាស៊ី​សេរី​ គឺជា​វិទ្យុ​ដែល​មាន​គោលការណ៍​មិន​អព្យាក្រឹត​ និង​មិន​ឯករាជ្យ​ ហើយ​ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​សង្គម​ជាតិ​មានការ​បែកបាក់​ និង​ធ្លាក់​ក្នុង​ភាព​វឹកវរ​។​

៤៖​ ការ​ចុះ​ផ្សាយ​ និង​ការ​អត្ថាធិប្បាយ​របស់​វិទ្យុ​អាស៊ី​សេរី​ គឺជា​រឿង​គួរ​ឱ្យ​អស់សំណើច​ និង​ស្តែង​ឱ្យ​ឃើញ​នូវ​ចរិត​ល្ងង់ខ្លៅ​របស់​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​ ដែល​យល់​ច្រឡំ​ថា​ «​គេ​ហុច​ដំបង​ ខ្លួន​យល់​ថា​គេ​សំឡុត​»​ និង​ «​គេ​ឱ្យ​លាមក​ ខ្លួន​យល់​ថា​ជា​ផ្កា​»​ ទៅ​វិញ​ ដែល​ចរិត​បែប​នេះ​វិទ្យុ​អាស៊ី​សេរី​ធ្លាប់​បាន​ធ្វើ​រាប់​មិន​អស់​រួច​មក​ហើយ​ ៕ ប្រភព៖ http://cambodiapolice.com

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ