ព្រឹតិ្តការណ៍ថ្មីៗ

ឈ្មួញ ឈ្មោះ ញ៉ាញ់ និង ស្រីលីន កំពុងបានដៃសម្រុកដឹកឈើចេញទៅវៀតណាមយ៉ាងគគ្រឹកគ្រេង គ្មានអ្នកហ៊ានបង្ក្រាប 

6 ខែ មុន 3671 តូ សុផល

មណ្ឌលគីរី៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានមួយចំនួន បានឱ្យដឹងថា លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើ ស្រែខ្ទុម លោក ឌិន ប៊ុនធឿន នាយកដែនជំរកសត្វព្រៃកែវសីមា និង លោក ស៊្រុន ឈួន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រព្រះ បានឃុបឃិតគ្នាជាប្រព័ន្ធ បើកដៃឱ្យឈ្មួញចូលកាប់ និងដឹងឈើចេញទៅវៀតណាមយ៉ាងគគ្រឹកគ្រេង ដែលមានឈ្មួញឈើ ឈ្មោះ ញ៉ាញ់ និង ឈ្មោះ ស្រីលីន ដោយឈ្មោះ ញ៉ាញ់ ជាអ្នកបង់លុយផ្លូវ និងរត់ការណ៍ច្រក ង៉ាំដី នេះប៉ាវផ្តាច់តែម្តង ហើយក្រៅពីសមត្ថកិច្ចតាមផ្លូវ និងច្រក នោះ មេឈ្មួញ រូបនេះក៍ជូនទឹក តែយ៉ាងត្រជាក់មេជើងដល់មន្ត្រីសមត្ថកិច្ចធំៗនិងថ្នាក់ដឹកនាំខេត្តផង ដែរ។

សេចក្តីរាយការណ៍ដដែល បានឱ្យដឹងបន្ថែមទៀតថា មេឈ្មួញឈើទាំងពីរនាក់ខាងលើនេះ បាន ប្រើកូនចៅ លើកដាក់ឈើលើរថយន្ត និងសម្រុក ដឹកជញ្ជូនឈើចេញពីស្រុក អូរាំង និង ស្រុកចាស់ ដឹកចូលទៅ ច្រកង៉ាំដី ឆ្ពោះទៅប្រទេសវៀតណាម យ៉ាងគក្រឹកគក្រេង គ្មានសមត្ថកិច្ចឬជំនាញណាមួយមេីលឃេីញទេ។ រីឯលោក ជុយ សុឃាង នាយផ្នែក កំពុង តែឃុប ឃិតគ្នាជាប្រព័ន្ធ ដោយមានការបេីកដៃអោយឈ្មួញដឹកជញ្ជូនឈេីតាម ដងផ្លូវមេីល ទៅដូចកណ្ដៀរ និង ស្រម៉ោច អីចឹង ។

ប្រភពបានបន្តទៀតថា នៅយប់នៃថ្ងៃចូលឆ្នាំខ្មែរកន្លងទៅនេះ គេឃើញរថយន្តដឹកឈើរបស់ លោក ញ៉ាញ់ និង ស្រីលីន ដឹកឈើបន្តកន្ទុយគ្នា មិនឃើញមានជំនាញណាម្នាក់ទៅចាប់និងបង្ក្រាបឡើយ។ ហើយមកទល់និង យប់ ថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០១៨ នេះនៅតែមានក្រុមឈ្មួញបន្តសកម្មភាពដឹកជញ្ជូនឈើដដែល។

ដោយឡែកលោក ឌិន ប៊ុនធឿន នាយកដែនជំរកសត្វព្រៃកែវសីមា លោក ជុយ សុឃាង លោក ស៊្រុន ឈួន ដែលជានាយផ្នែកសង្កាត់និងនាយកដែនជំរកព្រៃកែវសីមាវិញល្បីខាងបង្ក្រាបតែរថយន្តតាក់ស៊ីណាដែលដឹកទ្វារ និង ឈើដែលកែច្នៃរួចតែប៉ុណ្ណោះ ពោលគឺ ដឹកបន្តិចបន្ទួចក៏តាមចាប់ដល់សម្បុកដែរ។ តែចំពោះឡានធំៗដឹកឈើស្រស់ៗឃើញនិងភ្នែក អស់លោកបែរជាមើលមិនឃើញទៅវិញ នេះមកពីពួកគេទទួលលាភសក្ការៈពីមេឈ្មួញនោះហើយ មើលទៅ។

នៅថ្ងៃដដែលនេះដែរអ្នកយកព័ត៌មានយើងបាន ខលទៅលោកជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើ ឃុំស្រែខ្ទុមជាច្រើនលើកតែលោកមិនទទួលទូរស័ព្ទឡើយ។ ចំណែកឯ លោក ស៊្រុន ឈួន នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រែខ្ទុម និង ស្រែព្រះ អង្គភាពព័ត៌មានយើងខលចូលក៏លោកមិនទទួលទូរស័ព្ទដើម្បីបំភ្លឺប្រាប់អ្នកយកព័ត៌មានដែរ។ តែពេលក្រោយមកទៀតប្រហែលជាង ១ម៉ោង ទើបលោក ស៊្រុន ឈួន នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រែព្រះ បានខលត្រឡប់មកវិញដោយប្រាប់អ្នកយកព័ត៌មានយើងថា លោកអត់បានដឹងរឿងរ៉ាវដឹកឈើនេះទេ ដោយសារលោកឡើងមកប្រជុំនៅភ្នំពេញជិត១ខែហើយ ។

ចំណែកលោក ឌិន ប៊ុនធឿន នាយកដែនជំរកសត្វព្រៃកែវសីមា ជុំវិញករណីខាងលើវិញ លោកបានសើចហើយលោកបានមានប្រសាសន៍ថា យប់ មិញនេះក៏មានខាងប្រជាសហគមន៍ប្ដឹងមកលោកដែរ ហើយលោកបន្តថា វាពិបាកក្នុងការបង្ក្រាបណាស់ព្រោះពួកវាជក់ថ្នាំញៀន ហើយវាដឹកម៉ាកូថៗទេ ហើយឡានយើង១ ពាំងកាក់ឡានពួកវាមិនកើតទេ ទាល់តែឡាន ៣ ទៅ៤គ្រឿងទើបបានពាំងវាជិតនិងចាប់បាន។

ចំណែក លោក កែវ សុភ័គ្គ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី អង្គភាពយើងបានខលសាកសួរដែរតែពេលខលចូលលោកបានបិទទូរស័ព្ទ។ ដូច្នេះមិនអាចសុំការបំភ្លឺបានទេពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើនៅស្រុកកែវសីមា ជាពិសេសច្រករបៀង (០៦) ឬ ហៅថាច្រក ង៉ាំដី ដែលជាតំបន់ដ៏ក្ដៅគគុករបស់ក្រុម ឈ្មួញដឹកជញ្ជូនឈើពេលបច្ចុប្បន្នយ៉ាងសកម្មបំផុតនេះឡើយ៕

តើ ឯកឧត្តម ស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និង ស្ថាបន ជំនាញទាំងអស់ មានបានជ្រាបរឿងនេះទេ?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ